កាលពីសម័យមុន ការថែរក្សាធ្មេញគឺមិនមានអ្វីប្លែកនោះទេ ហើយសុខភាពមាត់ធ្មេញ ក៏មិនងាយកើតមានជាបញ្ហានោះដែរ។ ព្រោះតែចំណីអាហារភាគច្រើន មានលក្ខណៈធម្មជាតិ ដោយមិនមាន ប្រើប្រាស់ជាតិគីមីអ្វីឡើយ។ ប៉ុន្ដែបច្ចុប្បន្ននេះ ជាសម័យទំនើបអ្វីៗគឺបង្កើតឡើង ដោយការប្រើប្រាស់ជាតិគីមី សឹងតែទាំងអស់ ជាពិសេសចំណីអាហារ រួមមានបន្លែ ផ្លែឈើ និងរបស់ផ្សេងៗជាច្រើនទៀត។ សារជាតិទាំងនេះបានបង្កឱ្យ កើតមានផលវិបាកជាច្រើនសម្រាប់មនុស្សយើង នៅក្នុយសម័យកាលនេះ ដែលធ្វើឱ្យលោកអ្នកងាយ កើតមានជំងឺផ្សេងៗ ដែលមិនអាចស្មានត្រូវ។ ចំណែកឯសុខភាពមាត់ធ្មេញ ក៏បានចូលរួមចំណែកនៅ ក្នុងជំងឺទាំងនោះដែរ ដោយសារតែមនុស្ស មួយចំនួនមិនបានយល់ដឹងអំពីការថែរក្សា សុខភាពមាត់ធ្មេញ ឱ្យបានស្អាតល្អ។ ដោយឡែកការថែរក្សាធ្មេញ បែបសម័យទំនើបនេះ គឺជាវិធីដ៏ល្អមួយដែលអាចជួយ បង្ការធ្មេញឱ្យចៀសផុតពីជំងឺផ្សេងៗ ពិសេសគឺជំងឺអញ្ចាញធ្មេញ និងជំងឺធ្មេញពុក ពិតជាវិធីមួយដ៏ប្រសើរបំផុត សម្រាប់មនុស្សគ្រប់រូប។
តើអ្វីទៅគឺជាការថែទាំធ្មេញបែបទំនើប?
ការថែរក្សាធ្មេញបែបទំនើបនេះ គឺមានតាំងពីយូរណាស់មកហើយ ដោយនៅប្រទេសជឿនលឿនបានអនុវត្ដ តាំងពីយូររហូតមក។ ដោយឡែកនៅប្រទេស ក្រីក្រមួយចំនួនដូចជាប្រទេសកម្ពុជាយើងសព្វថ្ងៃនេះ មិនទាន់បានអនុវត្ដ ឱ្យបានគ្រប់គ្នានោះទេ។ ហើយការថែរក្សាធ្វើបែបទំនើបនេះ គឺជាការថែរក្សាដោយ យកចិត្ដទុកដាក់បំផុត។ នៅពេលទទួលទានបាយហើយ គឺត្រូវធ្វើការសម្អាតមាត់ធ្មេញជានិច្ច។
វិធីថែទាំធ្មេញបែបទំនើប
ធ្មេញស្អាត និងមានអនាម័យពិតជាជួយលើក សោភ័ណភាពស្អាតថែមមួយកម្រិត។ ធ្មេញមិនត្រឹមតែមានសារៈសំខាន់ នៅក្នុងការទំពាអាហារប៉ុណ្ណោះទេ តែថែមទាំងជាវត្ថុដ៏មានតម្លៃសម្រាប់សុខភាព និងសោភណ័ភាពដែល មនុស្សគ្រប់រូបមិនអាចខ្វះបាន។ វិធីថែទាំធ្មេញបែបទំនើបនេះវាមានច្រើនដូចជា ៖
• នៅពេលដុសធ្មេញ គួរតែជ្រើសរើសថ្នាំដុសធ្មេញ ដែលល្អហើយសមនឹងធ្មេញរបស់លោកអ្នក។ បើសិនជាធ្មេញលោកអ្នកស្រៀវ លោកអ្នកគួរតែប្រើ ថ្នាំដុសធ្មេញបំបាត់ស្រៀវធ្មេញ។ បើសិនជាធ្មេញលោកអ្នក មិនល្អឆាប់ពុក ត្រូវដុសថ្នាំដុសធ្មេញដែលមានជាតិក្លុយអ័រច្រើន។
• ច្រាសដុសធ្មេញគឺមាន ទៅតាមវ័យមនុស្សធំ និងកូនក្មេង។ ដូចនេះគួរតែប្រើច្រាសដុសធ្មេញដែលមានក្បាលស្ដួចតូច ហើយសរសៃរោម ច្រាសត្រូវតែទន់ល្មម។ បើសិនជាជ្រើសរើសយកច្រាសរឹង នៅពេលដែលដុស ទៅអាចធ្វើឱ្យអញ្ចាញឈឺឬដាច់ចេញឈាម។ ដូចនេះគួរតែប្រើទឹកក្ដៅឧណ្ហៗ ដើម្បីឱ្យច្រាសដុសធ្មេញទន់។
• នៅតាមផ្សារទំនើបមួយចំនួន មានលក់ច្រាសដុសធ្មេញ ជាម៉ូទ័រដោយ មិនចាំបាច់ប្រើដៃដុសធ្មេញនោះទេ គឺម៉ូទ័រវាវិលដុសដោយខ្លួនឯងតែម្ដង លោកអ្នកអាចជ្រើសរើសមកប្រើប្រាស់បាន ប៉ុន្ដែត្រូវអនុវត្ដទៅ តាមការណែនាំរបស់អ្នកជំនាញ។
• គួរតែប្រើប្រាស់ទឹកថ្នាំខ្ពុរមាត់ ដើម្បីឱ្យអញ្ចាញធ្មេញរឹងមាំ។
• យ៉ាងហោចណាស់គួរតែដុសធ្មេញ ឱ្យបានបីដងនៅក្នុងមួយថ្ងៃដែរ។
• ក្នុងការដុសធ្មេញមួយលើកៗ គួរតែប្រើរយៈពេលពី ២នាទីទៅ ៣នាទី ដើម្បីដុសឱ្យបានសព្វគ្រប់កៀនកោះ នៃចន្លោះធ្មេញទាំងឡាយ។
• គួរតែសម្អាតធ្មេញនៅក្នុង ១ថ្ងៃឱ្យបាន ២ដងជាមួយនឹង ខ្សែអំបោះសម្រាប់សម្អាតចន្លោះធ្មេញរបស់លោកអ្នក។
• គួរតែទៅជួបជាមួយគ្រូពេទ្យធ្មេញ ដើម្បីពិនិត្យមើលធ្មេញឱ្យបានទៀងទាត់។
សារៈប្រយោជន៍នៃការថែទាំធ្មេញបែបទំនើប
នៅសម័យមុនការទទួលទាន គឺមានលក្ខណៈធម្មជាតិ ផ្លែឈើ បន្លែ និងស្បៀងផ្សេងៗទៀត គឺរកបានមកពីការដាំឬក៏បេះ ពីព្រៃដោយខ្លួនឯង ដោយមិនមាន ជាតិគីមីអ្វីទាំងអស់។ ប៉ុន្ដែនៅក្នុងសម័យទំនើបនេះ ចំណីអាហារបរិភោគគឺ បង្កើតឡើងពីរោងចក្រ ដោយមានលាយឡំជាមួយសារជាតិគីមី និងមានជាតិស្អិតច្រើន ដូចជាស្ករគ្រាប់ នៅពេលដែលលោកអ្នកទទួលទានទៅវាស្អិតជាប់ធ្មេញ ហើយបានបំលែងទៅជាអាស៊ីត បើសិនជាមិនបានធ្វើការសម្អាតធ្មេញឱ្យ បានស្អាតត្រឹមត្រូវនោះទេ វាអាចនឹងធ្វើឱ្យធ្មេញពុកជាមិនខាន។ ដូចនេះវិធីដុសធ្មេញបែបទំនើបនេះគឺ គេបែងចែកជា ៨តំបន់នៃការដុសធ្មេញ មានខាងលើ ៤តំបន់ដោយត្រូវដុសពីលើចុះ មកក្រោម ហើយខាងក្រោមមាន ៤តំបន់ត្រូវដុសពីក្រោ
ម ឡើងមកលើ ទើបអាចធ្វើឱ្យធ្មេញ មានសុខភាពល្អបាន។ នៅពេលដែលធ្មេញ មានសុខភាពល្អ អាចធ្វើឱ្យលោកអ្នកចៀសផុត ពីជំងឺផ្សេងៗមួយចំនួន ដូចជារលាកអញ្ចាញធ្មេញ ជំងឺពុកធ្មេញ និងជំងឺធ្មេញផ្សេងៗជាច្រើនទៀត។
ផលប៉ះពាល់នៅពេលដែលមិនបានថែទាំធ្មេញឱ្យបានល្អ
បើសិនជាលោកអ្នកមិនបាន ធ្វើការសម្អាតធ្មេញឱ្យបានស្អាតល្អនោះ លោកអ្នកនឹងទទួលរងនូវផលប៉ះពាល់មួយចំនួនដូចជា ៖
• មានក្លិនមាត់
• កើតមានជំងឺពុកធ្មេញ
• ជំងឺអញ្ចាញធ្មេញ
• ដំបៅមាត់
• អាប់សែធ្មេញជាដើម។
វិធីការពារធ្មេញដើម្បីកុំឱ្យកើតមានបញ្ហា
រាល់ពេលបរិភោគហើយ ត្រូវតែដុសធ្មេញឱ្យបានស្អាតល្អ។ បន្ទាប់មកត្រូវតែប្រើប្រាស់ទឹកថ្នាំសម្រាប់ខ្ពុរមាត់ ដើម្បីសម្លាប់មេរោគ ជាពិសេសត្រូវតែប្រើខ្សែអំបោះដើម្បីទាក់យកកាកសំណល់ដែលមាននៅចន្លោះ ធ្មេញចេញ។ ចំណែកឯការដុសវិញនោះ គឺត្រូវដុសជារៀងរាល់ពេលទទួលទានអាហារហើយ ពីព្រោះបាក់តេរីអាចកើត បានយ៉ាងឆាប់រហ័សបំផុត។ លោកអ្នកត្រូវតែទៅពិនិត្យ សុខភាពមាត់ធ្មេញ ឱ្យបានញឹកញាប់រាល់ពេល ៦ខែម្ដង។
ជាការពិតណាស់ សុខភាពមាត់ធ្មេញជារឿង សំខាន់បំផុត ដែលលោកអ្នកត្រូវតែយកចិត្ដទុកដាក់។ ដូច្នេះយ៉ាងហោចណាស់នៅក្នុងមួយថ្ងៃ លោកអ្នកត្រូវតែដុសធ្មេញឱ្យបានបីដង និងត្រូវប្រើខ្សែអំបោះ សម្រាប់ទាក់ចំណីអាហារឱ្យ បានពីរដងនៅក្នុង មួយថ្ងៃ ដោយត្រូវដុសឱ្យបានសព្វកន្លែង ជាពិសេសនៅលើផ្ទៃទំពា។ ម្យ៉ាងទៀតបើសិនជា លោកអ្នកកើតមានបញ្ហាសុខភាពមាត់ធ្មេញ លោកអ្នកគួរប្រញាប់ មកជួបជាមួយគ្រូពេទ្យ ដើម្បីឱ្យគ្រូពេទ្យពិនិត្យ និងព្យាបាលឱ្យបានទាន់ពេលវេលា ចៀសវាងកើតមានដំណាក់កាល ធ្ងន់ធ្ងរដែលពិបាកនៅក្នុងការព្យាបាល៕
0.000000
0.000000